បារមីព្រះអង្គដងកើ បានជះឥទ្ធិពលលើប្រជាជន ដែលរស់នៅក្នុងប្រទេស កម្ពុជាហើយមាន ជំនឿលើព្រះពុទ្ធសាសនា និងការបន់ស្រន់សូមសេចក្តីសុខបំបាត់នូវទុក្ខកង្វល់ទាំងឡាយ នាំគ្នាមក គោរពអុជធូបបួងសួង បានធ្វើឲទីសំណាក់ របស់ព្រះអង្គដែលមានទីតាំងស្ថិតនៅមហាវិថីព្រះស៊ីសុវត្ថិ ខាងកើតព្រះបរមរាជវាំងពោរពេញដោយផ្សែងធូប និងភាព អ៊ូអរនារសៀលថ្ងៃសីលក៏ដូចជាថ្ងៃធម្មតា ។
ព្រះអង្គដងកើនេះត្រូវបានបំផ្លាញម្តងរួចមកហើយ ក្នុងជំនាន់ ប៉ុលពត ពីឆ្នាំ១៩៧៨ .១៩៧៩ តែដោយសារបុព្វហេតុ នៃជំនឿរបស់ប្រជាជនគណៈកម្មការកសាងមួយក៏ត្រូវបានបង្កើតឡើង ហើយចាប់ដំណើរការសាងសង់ពីថ្ងៃទី ១៥ខែមីនា ឆ្នាំ១៩៩១ ហើយស្រេចជាស្ថាពរនិងប្រារព្ធពិធី សម្ពោធបើកឲប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ១៩៩១ ។
ចំពោះបញ្ហានៃការកកើតព្រះអង្គដងកើឡើង ក្រោយពីការស្រាវជ្រាវតាមរយៈសៀវភៅ និងការសាកសួរចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ ដែលគង់នៅភ្នំពេញអស់រយៈពេលជាយូរយារណាស់ មកហើយ ដែលអាចដឹងតៗគ្នាមកនៅថ្ងៃនេះ បានជាលទ្ធផលដល់កូនចៅ ជំនាន់ក្រោយតាមប្រភពផ្សេងៗពីគ្នា ។
ជំនឿតៗគ្នា
មានលោកតាចាស់ម្នាក់ជាមនុស្សពិការភ្នែក តែគាត់ក៏បានដឹងពីប្រវត្តិរបស់ព្រះអង្គដងកើ គាត់បានមានប្រសាសន៍លើកឡើងថា កាលដើមឡើយរៀងរាល់ថ្ងៃសីល ឬថ្ងៃពេញបូរណ៌មី គេតែងឃើញមានទង់ក្រពើ ឬទង់ក្អែកមានមានទងមួយតែចុង បែកចេញជាបី ។ ប្រជាជនប្រុសស្រីតែងប្រទះឃើញទង់ប្រភេទនេះផុសនៅទីនេះស្ទើរតែគ្រប់ៗគ្នា ។ តែការផុសឡើងនោះមិនផុស ឡើងក្នុងរយៈពេលយូរទេគឺតែមួយភ្លែតៗហើយក៏លិចបាត់ទៅវិញ ។ ដូច្នេះរៀងរាល់ថ្ងៃសីល ប្រជាជនតែងនាំកូនចៅទៅឈរមើលទង់នេះ ហើយក៏បានធ្វើពិធីបួងសួងប្រគំភ្លេងលាបំណន់ ឬក៏ បន់ស្រន់ដើម្បីសុំជោគជ័យសិរីមង្គលវិបុលសុខគ្រប់ប្រការផង ។
ដោយមានជំនឿលើការបន់ស្រន់បែបនេះ ប្រជាជនមានបំណងចង់ឲទង់នេះសណ្ឋិតនៅទី នោះជានិច្ចកាល ហើយក៏នាំគ្នាធ្វើទង់មួយ ជានិមិត្តរូបនៃទង់ដែលផុស ហើយក៏បានតម្កល់និមិត្តរូប នោះដើម្បីគោរព និងធ្វើការបន់ស្រន់ ។ តាំងពីធ្វើបាននូវទង់និមិត្តរូបនោះ ទង់ដែលធ្លាប់ផុសនោះក៏លែងផុសទៀតរហូតមក ។ ដោយហេតុនេះប្រជាជនក៏កត់សម្គាល់ថា ទង់និមិត្តរូបដែលប្រតិស្ឋាន ទុកនៅទីនោះគឺពិតជាតំណាងទង់ដែលផុសនោះឯង ។ ចាប់ពីពេលនោះ កន្លែងនេះបានក្លាយទៅ ជាកន្លែងធ្វើពិធីបួងសួង បន់ស្រន់សុំសុខចម្រើនរបស់ប្រជាជនរៀងរាល់ថ្ងៃ ពិសេសនៅថ្ងៃសីល ព្រោះគេជឿថា វត្ថុស័ក្តិសិទ្ធិជួយរំលែក និងរំដោះទុក្ខភ័យគេបាន ។
កាលដ៏យូរលង់ នៅមុខវាំងនេះមានតែទីត្រង់ដងកើនេះទេ ដែលជាទួលមានព្រៃឈើត្រឈឹងត្រឈៃដុះប្របនឹងដងដៃ ទន្លេសាប ។ ទីនេះមានចំណតផែដ៏ធំដែលមនុស្សម្នាមហាជនអ្នកលក់ដូរ ខ្មែរ ចិន យួន ដែលចេញចូលទៅមកប្រកបអាជីវកម្មប្រចាំថ្ងៃ ។ គេជឿនិងទទួលស្គាល់ថាត្រង់ទួល ព្រៃត្រឈឹងត្រឈៃនេះ មានវត្ថុស័ក្តិសិទ្ធណាមួយអាចយកជាទីពឹងជួយសង្គ្រោះចំពោះរូបគេបាន ។ ព្រោះហេតុនេះហើយបានជាមុនពេលចេញដំណើរទៅរកស៊ី ឬទៅប្រកបការងារអ្វីមួយ គេតែងបួង សួងសម្បូងសង្រូងបន់ស្រន់ ចំពោះអស់លោកអ្នកមានឫទ្ធិចេស្តា ត្រង់កន្លែងចំណតផែនេះ ដើម្បីសុំ សុខចម្រើនជោគជ័យ ។ តាមរឿងតំណាលថា នៅពេលយប់ជារៀងរាល់យប់គេតែងឃើញមានដុំ ភ្លើងហោះពីទីព្រៃនៅត្រង់ដងកើ ទៅកប់បាត់ទៅក្នុងវាំង ហោះចេញ ពីក្នុងវាំងមកកប់បាត់នៅត្រង់ព្រៃដងកើនេះ ។ ដុំភ្លើងនោះមានពណ៌សក៏មាន ខៀវក៏មាន ចម្រុះពណ៌ស ខៀវ ក៏មានហោះធ្លោ ចុះឡើងទៅមកៗ ។ អ្នកបានឃើញដុំភ្លើងហោះនោះតែងតែព្រឺក្បាលព្រឺស្បែកគ្រប់ៗគ្នា ។ ចាស់ទុំ ជំនាន់នោះគេសម្គាល់ថា ដុំភ្លើងនោះជាតំណាងវត្ថុស័ក្តិសិទ្ធិអ្វីមួយហើយមានទីលំនៅពិតប្រាកដ នៅត្រង់ព្រៃឈើត្រង់ទួលដងកើនោះឯង ។ ម្ល៉ោះហើយ គេក៏នាំគ្នាកសាងជាអាស្រមនៅត្រង់ដងកើ ទុកជាលំនៅឋានដ៏សមរម្យជូនអស់លោកអ្នកមានឥទ្ធិពលមហិទ្ធិឫទ្ធិ ដើម្បីងាយស្រួលដល់ការធ្វើ ពលិការផ្សេងៗរបស់ប្រជាជនអ្នកមានជំនឿ ។
តំណពីនោះមក កន្លែងដងកើនេះក្លាយទៅជាកន្លែងបួងសួងសម្បូងសង្រូង បន់ស្រន់ដ៏ ស័ក្តិ សិទ្ធិរបស់ប្រជាជនខ្មែរ អ្នកមានជំនឿ ។ មិនតែប៉ុណ្ណោះកងទ័ពខ្មែរដែលមានឥទ្ធិពលល្បីល្បាញក្នុង ការធ្វើសឹកសង្គ្រាមជ័យមិនដែលចាញ់ខ្មាំងសត្រូវ ទាំងទ័ពជើងទឹកទ័ពជើងគោកមុនចេញទៅធ្វើសឹកសង្គ្រាមកម្ចាត់មារសត្រូវ ការពារមាតុភូមិ ការពារប្រជាជន ក៏សុទ្ធតែធ្វើពិធីបួង សួងបន់ស្រន់សុំពរជ័យឫទិ្ធចេស្តាបារមី នៅត្រង់ដងកើនេះមិនដែលលោះខាន ។ ក្រោយពីពិធីបួង សួងសុំពរជ័យហើយគេស្រែកជយឃោសន៍ ពង្រីកភាពស្វាហាប់ ក្លាហាន ទ្រហឹងអឺងកង ទើបចេញ ដំណើរ ហើយតែងដណ្តឹមបានជោគជ័យក្នុងសឹកសង្គ្រាម ។
ចំពោះប្រវត្តិស្តូបព្រះអង្គដងកើនេះ បើតាមចាស់ៗដែលធ្លាប់រស់នៅម្តុំនេះនិយាយតំណាល ឲដឹងថា ស្តូបនេះប្រហែល ជាកសាងឡើងក្រោយពេលកសាងព្រះរាជវាំងចតុម្មុខសព្វថ្ងៃនេះ គឺនៅ ដើមសតវត្សរ៍ទី២០ ។ ឯដងកើ «ដងទង់» គេសង់ជា ក្រោយទេសម្រាប់បង្ហូតទង់របស់ព្រះមហាក្សត្រនៅមុខវាំង គឺទង់ព្រះរាជសង្ហារ ។ រីឯផ្លូវដែលចេញពីវាំងត្រង់ទ្វារធំកណ្តាលឆ្ពោះ ទៅមាត់ទន្លេជាផ្លូវសម្រាប់ស្តេចយាងចុះកំពង់ផែដើម្បីធ្វើដំណើរទៅខេត្ត ខណ្ឌ ដែលនៅជាប់នឹងមាត់ ទន្លេ និងយាងទៅក្រុងព្រៃនគរ ពីមុនផ្លូវនេះឈ្មោះ«ផ្លូវប្រដាប់ក្រុង» ។ ជំនាន់នោះ មិនទាន់មានផ្លូវ គោកសម្រាប់ទៅក្រុងព្រៃនគរទេ ។ ដូច្នោះការធ្វើដំណើរ តាមផ្លូវទឹកអាចមានភ័យអាសន្នដោយ មានព្យុះខ្យល់នៅរដូវភ្លៀងបានជាមុននឹងចេញដំណើរគេតែងតែបន់ស្រន់សុំព័រជ័យពី ទសបារមីវាំងនិងព្រះអង្គដងកើនេះ សុំឲគេធ្វើដំណើរបានសុខសប្បាយ។ ម៉្យាងទៀតនៅពេលគេជួបគ្រោះ អាសន្នក្នុងពេល ធ្វើដំណើរក៏គេបន់ស្រន់ចំពោះព្រះអង្គដងកើដែរ ។
មានការនិទានតៗគ្នាថា ដើមឡើយនៅខាងកើតដងកើនេះ មានកំពង់ផែមួយដ៏ធំ ជាទីចេញ ចូលធ្វើដំណើរពីភ្នំពេញទៅខេត្ត ខណ្ឌជាប់ដងទន្លេនិងពីខេត្តខណ្ឌជាប់ដងទន្លេមកភ្នំពេញរបស់ មនុស្សម្នាមហាជនគ្របស្រទាប់ ក្នុងបេសកកម្មបម្រើការងាររាជការ និងការប្រកបរបរអាជីវកម្ម ផ្សេងៗ ។
ដើម្បីងាយស្រួលក្នុងការថែរក្សាសម្ភារៈទំនិញគ្រឿងឧបភោគ បរិភោគ ដែលត្រូវចុះឡើង ទូក កាណូត កប៉ាល់ផង និងដោយទីនេះ ជាប្រភពដីល្បាប់មានជីជាតិផ្តល់ទិន្នផលច្រើនក្នុងវិស័យ កសិកម្មដាំដុះផង គេទាំងឡាយក៏បានសាងសង់ជាផ្ទះតូចៗនៅក្បែរកំពង់ផែនោះ ។ ចំណេរតមកដោយជីវភាពចេះតែមានកម្រិតរីកចម្រើន ប្រជាជននៅទីនេះក៏នាំគ្នាសាងសង់ជាផ្ទះធំទ្រនំខ្ពស់ ជាបន្តបន្ទាប់ កកើតទៅជាភូមិមួយឈ្មោះថា«ភូមិកំពង់ផែ» ។ ភូមិកំពង់ផែនេះជាភូមិកំណើតរបស់ ព្រះមហាវិមលធម៌«ថោង» ចាងហ្វាង សាលាបាលីជាន់ខ្ពស់ជំនាន់ទី១ ។ ប៉ុន្តែអាស្រ័យដោយទឹក ជំនន់ ច្រាំងទន្លេច្រោះបាក់ជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ទើបអ្នកភូមិកំពង់ផែត្រូវរលាយបាត់ឈ្មោះ ។ ឯអ្នកភូមិកំពង់ផែទាំងប៉ុន្មានក៏ទៅរកទីលំនៅផ្សេងៗតាមការចូលចិត្តរៀងៗខ្លួន ។ រីឯដងកើនិងវិហារទាំងពីរក៏ចេះតែរំកិលតាមច្រាំងទន្លេបាក់ ហើយក៏បានមកប្រតិស្ឋានស្ថិតនៅកន្លែងសព្វ ថ្ងៃនេះ ។
វិហារតូចពីរនៅត្រង់ព្រះអង្គដងកើ ដែលតូ្រវបំផ្លិចបំផ្លាញចោលក្នុងអំឡុងឆ្នាំ ១៩៧៥.៧៨ នោះកសាងឡើងទន្ទឹមនឹងការ កសាងប្រាសាទទេវាភោជនីយប្រាសាទចន្ទច្ឆាយា ប្រាសាទសំរិទ្ធិ វិមានសម្រាន្តភិរម្យ ក្នុងរជ្ជកាលសម្តេចព្រះបាទ ព្រះស៊ីសុវត្ថិនាឆ្នាំ ១៩១៣ ។ តែពុំដឹងថាអ្នកណា ជាអ្នកកសាងទេ ។ ប្រហែលជាស្នាដៃអ្នកមានជំនឿតាមព្រហ្មញ្ញសាសនា ។ វិហារខាងត្បូងមាន ឃើញតម្កល់រូបលោកេស្វរៈដៃ ទ្រង់ឈរ។ ឯវិហារខាងជើងពុំឃើញរូបសំណាក់អ្វីទេ ។ ក្រោយមកលោកឃើញមានដាក់សម្ភារៈឧញ៉ាពិភក្តិភេត្រានាយផ្នែកនាវាចរណ៍ព្រះរាជទ្រព្យ ។
«ដងកើ» មានន័យថាយ៉ាងដូចម្តេច ?
វចនានុក្រមខ្មែរ «កើ» ភាសាវៀតណាម ប្រែថា «ទង់» ដងកើ គឺដងទង់ ។
មជ្ឍដ្ឋានខ្លះនិយាយថា ពាក្យ«កើ»នេះគឺប្រហែលជាពាក្យខ្មែរពីដើមសរសេរមាន«រ» គឺ«ដងកើរ» គ្រាន់តែមាន សូរសព្ទដូចពាក្យវៀតណាមឬតាមភាសាអ្នកស្រុកយើងនិយាយថា «កើល» មានន័យថា ធ្វើឲទ័ល ធ្វើឲខ្ពស់បំផុត «កើល ឬ ទើស» ដងកើរគឺដងទង់ដែលផុតខ្ពស់ មេឃ គឺកើលនិងមេឃ ។
មជ្ឈដ្ឋានខ្លះនិយាយថា ដងកើនេះឈ្មោះពិតប្រាកដដំបូងបំផុត គឺដងកល្ប គឺជាដងទង់ព្រះ រាជសង្ហារជា និមិត្តរូបនៃការកំណត់រជ្ជកាលរបស់ព្រះមហាក្សត្រ។ កល្ប ភាសាសំស្រ្កឹតក្លាយពី ភាសាបាលីថា កប្ប ប្រែថា កាលដែលតាំងនៅយូរអង្វែង ។ ដោយសារនៅទីនេះមានកំពង់ផែដ៏ធំ មួយ ជាទីប្រជុំនៃមហាជនគ្រប់សាសន៍ខ្មែរ ចិន វៀតណាម ចាម ជ្វា ក្នុងអាជីវកម្មការឆ្លងទៅឆ្លងមករវាងភាសានៃជនជាតិមួយទៅជនជាតិមួយ តែងតែមានចៀសមិនផុត ។ វៀតណាម អានពាក្យ កល្ប មិនច្បាស់ទៅជាអានថាកើ ស្របនិងពាក្យវៀតណាមកើប្រែថា ទង់ បានជាបណ្តើរៗបាត់ ពាក្យដងកល្ប ក្លាយជាពាក្យដងកើរហូតដល់សព្វថ្ងៃ ។
ទោះបីជាមិនមានឯកសារណាមួយបញ្ជាក់ឲបានច្បាស់លាស់ក៏ដោយ ក៏ទាំងនេះអាចជាមូលដ្ឋានពិចារណាសម្រាប់កូនចៅ ជំនាន់ក្រោយផងដែរ ។ ទាក់ទិននឹងបញ្ហានេះដែរ លោក អ៊ំ ហាក់ ស៊ុន អ្នកថែរក្សាប្រចាំនៅអាស្រមព្រះអង្គដងកើបាន មានប្រសាសន៍ថាបារមីរបស់ព្រះអង្គបានដឹកនាំចិត្តប្រជាជនឲនឹកឃើញចង់ធ្វើអ្វីដែលល្អ ដែលស្របទៅនឹងឃ្លារបស់ព្រះអង្គថា«ធ្វើល្អបានល្អ»យើងប្រព្រឹត្តអំពើអ្វី យើងនឹងទទួលផលនោះដែរ ។
លោកអ៊ំបានបញ្ជាក់ដែរថា ថ្ងៃសីលវិញមានប្រជាជនច្រើនណាស់រហូតដល់រាប់ពាន់នាក់ ពីព្រោះគេមានជំនឿលើស្នាដៃរបស់ ព្រះអង្គដែលតែងតែជួយថែរក្សាកូនចៅរហូតមក ។ លោកអ៊ំ មានប្រសាសន៍បន្តថា «ខ្ញុំជឿជាក់លើការបន់ស្រន់ប៉ុន្មានថ្ងៃមុន ពីជំងឺរបស់អ្នកស្រីម្នាក់ក្រោយពីការបន់ស្រន់ប៉ុន្មានថ្ងៃ គាត់ក៏បានយករបស់របរដូចជា ដូង ផ្កា មកថ្វាយ ហើយបានប្រាប់ថា កូនគាត់ជាសះស្បើយហើយ » ។
លោក ប្រាក់ និមល សន្តិសុខប្រចាំអាស្រមបានលើកឡើងថា «ខ្ញុំពិបាកណាស់រៀងរាល់ថ្ងៃ សីល ពីព្រោះថ្ងៃសីល ខ្លះមានភ្ញៀវទេសចរច្រើនអ្វីដែលគួរឲបារម្ភគឺក្មេងសុំទានតែងបង្កភាពរញ៉េ រញ៉ៃ» ។ លោកក៏បានបញ្ជាក់ផងដែរថា ទោះបីពេលខ្លះលោកពិបាកក្នុងការងារសុវត្ថិភាពជូនប្រជា ពលរដ្ឋក៏ដោយ ក៏លោកនៅតែមិនអែអង់ក្នុងការការពារអាស្រមនេះដែរ ។
លោក ហេង សំអាត ជាអ្នកលក់ចាបបានមានប្រសាសន៍ថា ប្រជាជនទិញចាបលែង ព្រោះពួកគេយកនិមិត្តរូប ដែលពួកលែងចាបពីទ្រុងគេសូមឲទុក្ខលំបាកទាំងប៉ុន្មានរសាត់ចេញពីចិត្ត របស់គេ ដូចចាប់បានហោះចេញពីទ្រុងអឹងចឹង ។ ខ្លះទៅក៏សូមឲចាបនោះហោះទៅទាំងគូដោយ មិនចែកផ្លូវគ្នា ដែលពួកគេតំណាងថា គូជីវិតរបស់ពួកគេមានវាសនាល្អដូចគ្នាដែរ ។
អ្នកស្រី ទី ឈុនឡាង មិនថាអ្នកស្រីមានទុក្ខកង្វល់អ្វីនោះទេ អ្នកស្រីតែងតែមកធ្វើការបន់ ស្រន់សូមឲព្រះអង្គជួយ ។ អ្នកស្រីបានលើកឡើងថា «ប៉ុន្មានថ្ងៃមុនមាន់ឈឺស្លាប់ច្រើនពេក ខ្ញុំបានមកធ្វើការបន់ស្រន់ស្រាប់តែស្អែកចំនួន នៃមាន់មានការថយចុះ នេះពិតជាធ្វើឲខ្ញុំជឿយ៉ាងស៊ប់មែន» ។
Comments (
សរសេរដោយ ភ្នំពេញដេលីញូវ |
ព្រហស្បតិ, 25 កុម្ភៈ 2010 04:49 |
No comments:
Post a Comment